អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច
អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ បានចុះអនុស្សរណៈនៃការយោគយល់គ្នា(MOU) ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច
-------------------------------------
អ.ដ.ក.៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋមន្ត្រីស្តីទីក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានអញ្ជើញជាតំណាងរបស់ អ.ដ.ក. ក្នុងពិធីចុះអនុស្សរណៈនៃការយោគយល់គ្នា ស្តីពី "កិច្ចសហប្រតិបត្តិការក្នុងការពង្រឹង និងលើកកម្ពស់ការដោះស្រាយវិវាទនៅសហគមជនជាតិដើមភាគតិច” រវាង អ.ដ.ក. ជាមួយអង្គការ និងសមាគមជនជាតិដើមភាគតិច ចំនួន ៥ រួមមាន (១)-អង្គការជនជាតិដើមភាគតិចកម្ពុជា, (២)-សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា, (៣)-សមាគមស្ត្រីជនជាតិដើមភាគតិចកម្ពុជា, (៤)-អង្គការថែរក្សាភាសាជនជាតិដើមភាគតិច និង (៥)-អង្គការសមាគមខ្មែរលើរតនគិរី។
ពិធីនេះ ក៏មានការអញ្ជើញជាគណៈអធិបតីពីសំណាក់ ឯកឧត្តម ហេង លឹមទ្រី រដ្ឋលេខាធិការក្រសួងអធិការកិច្ច និងជាសមាជិក អ.ដ.ក., ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., លោកជំទាវ ចាន់ សុធាវី អនុរដ្ឋលេខាធិការក្រសួងកិច្ចការនារី និងជាសមាជិក អ.ដ.ក., ឯកឧត្តម មាស សុកែវ អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិក អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. និងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក., និងដោយមានការអញ្ជើញចូលរួមពីសំណាក់ លោក លោកស្រី ជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. និងបុគ្គលិកអង្គការនិងសមាគមទាំង៥ សរុបចំនួនប្រមាណ ៧០ នាក់។
ថ្លែងក្នុងពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន បានលើកទ្បើងអំពីវឌ្ឍនភាពការងារសំខាន់ៗ ដែល អ.ដ.ក. សម្រេចបាននាពេលកន្លងមក ក៏ដូចជាទិសដៅការងារទៅមុខរបស់ អ.ដ.ក.។ ឯកឧត្តមបណ្ឌិត ក៏បានចាត់ទុកថា ការចុះអនុស្សរណៈនៃការយោគយល់គ្នា នាពេលនេះ គឺជាវឌ្ឍនភាពថ្មីមួយបន្ថែមទៀត ដែលស្របតាមគោលបំណងរបស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់យន្តការនៃការសម្រុះសម្រួលដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការឱ្យកាន់តែងាយស្រួល កាន់តែសម្បូរបែប កាន់តែខិតជិតប្រជាពលរដ្ឋនៅមូលដ្ឋាន និងកាន់តែមានប្រសិទ្ធភាពក្នុងការដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដែលមានបំណងស្វែងរកការសម្រុះសម្រួលដោះស្រាយបញ្ចប់វិវាទរបស់ខ្លួនឱ្យបានឆាប់រហ័ស និងទិសដៅរបស់ អ.ដ.ក. ក្នុងការជំរុញ និងលើកកម្ពស់ការដោះស្រាយវិវាទជូនប្រជាពលរដ្ឋនៅតំបន់ជនជាតិដើមភាគតិច និងនៅតំបន់ដាច់ស្រយាល។
សូមបញ្ជាក់ថា អនុស្សរណៈនៃការយោគយល់គ្នា(MOU)នេះ ផ្តោតសំខាន់លើការបង្កើតភាពជាដៃគូលើកិច្ចសហការពង្រឹងការផ្សព្វផ្សាយឱ្យកាន់តែទូលំទូលាយ អំពីអត្ថប្រយោជន៍នៃយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ និងគាំទ្រដល់កិច្ចដំណើរការរបស់ការិយាល័យតំណាង អ.ដ.ក. ប្រចាំនៅភូមិភាគឦសាន។








