ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញជាអធិបតី ដឹកនាំកិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក.

----------------------------------------------------------------------------------------------------------------------

ថ្ងៃអង្គារ ១៥កើត ខែផល្គុន ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៦, ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) បានអញ្ជើញដឹកនាំកិច្ចប្រជុំលើកទី១២ របស់​ អ.ដ.ក.​ ដែលកិច្ចប្រជុំនេះ ក៏មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងអធិការកិច្ច និងជាអនុប្រធាននៃ អ.ដ.ក., ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ និងសមាជិកនៃ អ.ដ.ក. ព្រមទាំងថ្នាក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាននៃ អ.ដ.ក. និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀត។

កិច្ចប្រជុំលើកទី១២ នេះ ត្រូវបានរៀបចំឡើងដើម្បីពិនិត្យ និងពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ២ គឺ៖

ទី១- វឌ្ឍនភាពការងាររបស់ អ.ដ.ក. ដែលសម្រេចបាន នៅចន្លោះកិច្ចប្រជុំលើកទី១១ និងលើកទី១២ នៃ អ.ដ.ក.។

ទី២- ពិនិត្យ និងសម្រេចលើការស្នើសុំផ្តល់នីតិសម្បទាជាមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី៣។

ថ្លែងក្នុងកិច្ចប្រជុំនេះ, ជាមួយនឹងការវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលសម្រេចបាននៅចន្លោះកិច្ចប្រជុំ អ.ដ.ក. លើកទី១១ និងលើកទី១២, ឯកឧត្តមឧបនាយករដ្ឋមន្ត្រី និងជាប្រធាន អ.ដ.ក. បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗ មួយចំនួនដូចតទៅ៖

១- មន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ត្រូវបន្តខិតខំបំពេញការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋ ប្រកបដោយការទទួលខុសត្រូវខ្ពស់ ដោយត្រូវប្រកាន់ខ្ជាប់នូវគោលការណ៍គ្រឹះនៃ ការដោះស្រាយវិវាទក្នុងក្របខ័ណ្ឌ អ.ដ.ក. ពោលគឺការគោរពឆន្ទៈព្រមព្រៀងរបស់គូភាគី។

២- អគ្គលេខាធិការដ្ឋានត្រូវសិក្សាអំពីការបង្កើតការិយាល័យតំណាងរបស់​ អ.ដ.ក. ចំនួន ១ ការិយាល័យបន្ថែមទៀត ស្របតាមតាមគោលនយោបាយ បង្ខិតសេវាដោះស្រាយវិវាទ ជូនប្រជាពលរដ្ឋដល់មូលដ្ឋាន។

៣- ត្រូវបន្តផ្សព្វផ្សាយអំពីបេសកកម្មរបស់ អ.ដ.ក. ជូនដល់សាធារណជន និងបន្តបណ្តុះបណ្តាលដល់មន្ត្រីពាក់ព័ន្ធនៅមូលដ្ឋានអំពី​បច្ចេកទេស និងវិធីសាស្ត្រដោះស្រាយវិវាទ ក្នុងក្របខ័ណ្ឌ អ.ដ.ក.។

៤- ត្រូវបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយស្ថាប័នដៃគូពាក់ព័ន្ធនានា ដើម្បីជំរុញប្រសិទ្ធភាពនៃការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានកាន់តែប្រសើរ

៥- ត្រូវបង្កើនផលិតភាពការងារដោះស្រាយវិវាទជូនប្រជាពលរដ្ឋឱ្យបានជាប្រចាំថ្ងៃ ខណៈដែលចំនួនមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទ នៃ អ.ដ.ក. ត្រូវបានបង្កើនទ្បើង។

៦- ត្រូវគិតគូររៀបចំសេចក្តីព្រាងច្បាប់សន្ធានកម្ម និងពិចារណាបង្កើតវិជ្ជាជីវៈសន្ធានការីនៅកម្ពុជា ដោយអាចធ្វើក្រោមកិច្ចសហការជាមួយស្ថាប័នជាដៃគូអភិវឌ្ឍន៍ជាតិ និងអន្តរជាតិ។

៧- អគ្គលេខាធិការដ្ឋានត្រូវគិតគូររៀបចំផែនការជ្រើសរើសមន្ត្រីសម្រុះសម្រួលដោះស្រាយវិវាទស្ម័គ្រចិត្ត នៃ អ.ដ.ក. ១ ជំនាន់ថែមទៀត។

ទន្ទឹមគ្នានេះ កិច្ចប្រជុំលើកទី១២ នៃ​ អ.ដ.ក. បានសម្រេចផ្តល់នីតិសម្បទាជូនដល់មន្ត្រីសម្រុះសម្រួលដោះស្រាយ​វិវាទជំនាន់ទី​ ៣ ចំនួន ៣៩ រូប ក្នុងចំណោមអ្នកដាក់ពាក្យស្នើសុំចំនួន ៤០ រូប ដែលបានបំពេញគ្រប់តាមលក្ខខណ្ឌគុណវុឌ្ឍិកំណត់ ស្របតាមច្បាប់ ដើម្បីចូលរួមជួយរំលត់វិវាទជូនប្រជាពលរដ្ឋ ក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. និងអនុវត្តគម្រោងសំខាន់ៗ របស់ អ.ដ.ក.។

ព័ត៌មាន ថ្មីៗ

...

នារសៀលថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០២៦ ដោយបដិបត្តិតាមគោលការណ៍ដឹកនាំដ៏ខ្ពង់ខ្ពស់​របស់ ឯកឧត្តម កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធាន អ.ដ.ក., ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក. បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យវឌ្ឍនភាពនៃចំណាត់ការសំណុំរឿងក្នុងក្របខ័ណ្ឌនៃ អ.ដ.ក. ក្នុងត្រីមាសទី១ ឆ្នាំ២០២៦ និងកំណត់ទិសដៅការងារបន្ត​ ដោយក្នុងនោះ​ អង្គប្រជុំបានពិនិត្យ​ និងពិភាក្សា​លេីចំណុចសំខាន់ៗ​ មួយចំនួន​ :

...

លោកជំទាវ ជា វាសនា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាសមាជិកនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងពិធីបិទវគ្គបណ្តុះបណ្តាល ស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ និងប្រគល់នូវវិញ្ញាបនប័ត្របញ្ជាក់ការសិក្សា ជូនដល់សិក្ខាកាមជាមន្ត្រីនៃរដ្ឋបាលសាលារាជធានី ខណ្ឌដូនពេញ ខណ្ឌកំបូល ខណ្ឌជ្រោយចង្វារ ខណ្ឌដង្កោ ក្នុងរាជធានីភ្នំពេញ

...

ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន រដ្ឋលេខាធិការប្រចាំការក្រសួងយុត្តិធម៌ និងជាអនុប្រធានប្រចាំការនៃ អ.ដ.ក. បានអញ្ជើញជាអធិបតីក្នុងការធ្វើបាឋកថា ស្តីពីបេសកកម្មរបស់អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដល់សិស្សមន្ត្រី-កម្មសិក្សាការីនៅសាលាភូមិន្ទរដ្ឋបាល

...

អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ បានសហការរៀបចំវគ្គបណ្តុះបណ្តាលស្តីពី នីតិវិធី និងវិធីសាស្រ្តសម្រុះសម្រួលផ្សះផ្សាវិវាទក្រៅប្រព័ន្ធតុលាការ ជូនដល់មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ

...

នាថ្ងៃអង្គារ ៧កើត ខែបឋមសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦ តាមការចាត់តាំងរបស់ ឯកឧត្តម យ៉ម ផារ៉ូត ប្រតិភូរាជរដ្ឋាភិបាល និងជាអគ្គលេខាធិការនៃ អ.ដ.ក., លោកជំទាវ ឃុត ស៊ាងអៃ អគ្គលេខាធិការរងនៃ អ.ដ.ក. និងលោក យន់ សុវណ្ណារ៉ា ប្រធាននាយកដ្ឋានស្រាវជ្រាវ បច្ចេកទេស និងកិច្ចការច្បាប់នៃ អ.ដ.ក. បានទទួលជួបពិភាក្សាការងារជាមួយអង្គការសកម្មភាពដើម្បីកុមារ (APLE) ។

...

នាព្រឹកថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ជិន ម៉ាលីន អនុប្រធានប្រចាំការនៃ អ.ដ.ក. និងជាប្រធានគណៈកម្មការចំពោះកិច្ចពិនិត្យ និងវាយតម្លៃលើការបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទ បានដឹកនាំកិច្ចប្រជុំ ពិនិត្យ និងសម្រេចលើពាក្យស្នើសុំបន្តកិច្ចសន្យាការងាររបស់មន្រ្តីសម្រុះសម្រួលដោះស្រាយវិវាទនៃ អ.ដ.ក. ជំនាន់ទី១។